Nov 5, 2012

សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដា​ក់​ចេ​ញ​អ​នុ​សា​ស​ន៍​ស​ម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​យុ​វ​ជ​ន​ក​ម្ពុ​ជា

សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន 

ដា​ក់​ចេ​ញ​អ​នុ​សា​ស​ន៍​ស​ម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​យុ​វ​ជ​ន​ក​ម្ពុ​ជា

 

ទី១-ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​ពង្រឹង​ក្បាល​ ម៉ាស៊ីន​ដឹកនាំ​យុវជន​គ្រប់​ថ្នាក់ ពិសេស​ថ្នាក់​មូលដ្ឋាន ពីព្រោះ​ថ្នាក់​មូលដ្ឋាន​នេះ​ហើយ ​ជា​អ្នក​អនុវត្ដ​ផ្ទាល់​រាល់​សេចក្ដី​សម្រេច​ចិ​ត្ដ​នានា ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​ថ្នាក់​លើ ពិសេស​ជា​អ្នក​អប់រំ គ្រប់គ្រង និង​ដឹកនាំ​ដោយ​ផ្ទាល់​នូវ​ចលនា​យុវជន​នៅមូលដ្ឋាន​ឃុំ សង្កាត់ គ្រឹះស្ថាន សិក្សា និង​អង្គភាព​នានា។ សម្តេច​តេជោបញ្ជាក់​ថា សហភាព​សហព័ន្ធ​យុវជនខ្លាំង ឬ​ខ្សោយ គឺ​អាស្រ័យ​ដោយ​ថ្នាក់​មូលដ្ឋាន​នេះ​ហើយ។ ក្នុង​នោះ​គណៈកម្មាធិការ​កណ្ដាល​ស​ហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ត្រូវ​ គិតគូរ​ចំពោះ​មុខ​ការ​បណ្ដុះ​បណ្ដាល​សមត្ថភាព របៀប​របប​ការងារ និង​នីតិវិធី នៃ​ការ​បំផុស​ចលនា​យុវជន​ជូន​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ មូលដ្ឋាន​ឱ្យ​បាន​ល្អប្រសើរ នោះ​ទើប​យើង​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ។ ប្រការ​សំខាន់ គឺ​ថ្នាក់ដឹកនាំ សមាជិក និងយុវជន​យុវនារី​ម្នាក់ៗ​ត្រូវ​ប្រកាន់​ខ្ជាប់​តួនាទី និង​ភារកិច្ច​របស់​ខ្លួន។ ដោយ​ឡែក​ក្រៅ​អំពី​ការ​ពង្រឹង​សមត្ថភាព និង​ការ​បណ្ដុះ​បណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវ​បង្កើន​ចំណង​សាមគ្គីភាពផ្ទៃក្នុង​ឱ្យ​បាន​ល្អ​ប្រសើរ និង​ចាត់​ទុក​កិច្ចការ​នេះ​ជា​មធ្យោបាយ​ដ៏​សំខាន់ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅមុខ​ប្រកប​ដោយ​ជោគជ័យ ពោល​គឺ​ការ​ធ្វើ​ដំណើរ​រួម​ជាមួយគ្នា​ប្រកបដោយ​ភាព​រលូន និង​ស៊ីសង្វាក់​ទៅ​តាម​គោលការណ៍​ភាគតិច​គោរព​ភាគច្រើន ដែល​ក្នុង​នោះ ​ភាគតិច​ត្រូវ​បាន​យក​ចិត្ដទុកដាក់ និង​គិតគូរ។ ទន្ទឹម​នោះ​ត្រូវ​គោរព​ប្រតិ​ប​ត្ដិ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ស្មារតី​នៃ​ លក្ខន្ដិកៈ និង បទ​បញ្ជា​ផ្ទៃក្នុង​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​សំដៅ​ប្រមូលផ្ដុំ​ កម្លាំង អនុវត្ដ​ទិសដៅ​ការងារ​យុវជន​ឆ្នាំ​២០១៣-២០១៨។
ទី២-គប្បីខិតខំ​ដើរ​តួនាទី​សម្របសម្រួល​ ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដទៃទៀត ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ចលនា​យុវជន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​អនុវត្ដ​រួមគ្នា​នូវគោល​នយោបាយ​ជាតិ​ស្ដីពី ការ​អភិវឌ្ឍ​យុវជន​កម្ពុជា និង​ទិសដៅ​ការងារ​យុវជន​ឆ្នាំ២០១៣-២០១៨ របស់​ខ្លួន​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។
ទី៣-ត្រូវចូលរួម​អនុវត្ដ​គោល​នយោបាយ​នានា​ របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​ខិតខំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូ​លាយ​ក្នុង​ស្រទាប់​យុវជន​ ឱ្យ​បាន​ជ្រួតជ្រាប​អំពី​គោល​នយោបាយ​ជាតិ​ទាំងនេះ ហើយក៏​ត្រូវ​ឈ្លាសវៃ​ក្នុងការ​ប្រមូលផ្ដុំ​ធនធាន​មនុស្ស និង​សម្ភារៈ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​សំដៅ​ធ្វើ​ឱ្យសហភាព​សហព័ន្ធ​យុវជន​ កម្ពុជា​ជា​ស្នូល​គ្រឹះ​ដ៏​រឹងមាំ​នៃ​ចលនា​យុវជន ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។
ទី៤-គប្បី​យក​ចិត្ដ​ទុក​លើ​ការងារ​ បណ្ដុះបណ្ដាល​សមត្ថភាព​យុវជន ឱ្យ​ឆ្លើយ​តប​បាន​ទៅ​នឹង តម្រូវ​ការនៃ​ទីផ្សារ​ពលកម្ម ឬ​បង្កើត​ការងារ​ដោយ​ខ្លួនឯង និង​រៀបចំ​ជា​កន្លែង​ប្រមូលផ្ដុំ ចែក​ចាយ​ព័ត៌មាន​សំខាន់ៗ​ សម្រាប់​សេចក្ដី​ត្រូវការ​របស់​យុវជន​នៅ​ទូទាំង​ប្រទេស និង​ម្យ៉ាងទៀត គឺ​ឆ្លើយតបទៅ​នឹង​ការ​ធ្វើ​សមាហរណកម្ម​របស់​កម្ពុជា​នៅ​ក្នុង​តំបន់ និង​ពិភពលោក។ ក្នុង​នោះ ត្រូវ​ជួយ​ធ្វើ​ឱ្យយុវជន​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ  ការកំណត់​ទិសដៅ​ផ្ទាល់ខ្លួន និង​វិជ្ជាជីវៈ ការ​ចេះ​គោរព​ខ្លួន​ឯង​មាន​ទំនុក​ចិ​ត្ដ និង​មាន​ការ​លើក​ទឹក​ចិត្ដ មាន​សមត្ថភាព​បំពេញការងារ និង​មាន​សមត្ថភាព​ដឹក​នាំ​ការ​បំពេញ​ការងារ​ផ្សេងៗ។
ចំណុច​ទាំងនេះ​សម្តេច​តេជោ​បាន​មាន​ ប្រសាសន៍បញ្ជាក់​ថា នឹង​នាំ​ទៅ​ដល់​ការ​លើក​កម្ពស់​សមត្ថភាព​យុវជនយើង​ក្នុង​ដំណើរការ​ សមាហរណកម្ម​ក្នុង​តំបន់។ ជាក់ស្ដែង​អាស៊ាន​បាន​ព្រម​ព្រៀង​រៀបចំ​បង្កើតយុវជន​អាស៊ាន​សម្រាប់​ភាពជា​ អ្នកដឹកនាំ​នៅ​ក្នុង​តំបន់ តាមរយៈ​ការ​ជំរុញ​អនុវត្ដ​នូវ​កម្មវិធី​នានា ដូចជា កម្មវិធី​យុវជន​អនាគត​អាស៊ាន កម្មវិធី​ផ្លាស់ប្ដូរ​សហគ្រិន​វ័យក្មេង​អាស៊ាន-ចិន កម្មវិធី​ផ្លាស់ប្ដូរ​និស្សិត និង​យុវជន​ជប៉ុន-អាស៊ី ​បូព៌ា កម្មវិធី​ដំណើរ​កំសាន្ដ​យុវជន​អាស៊ាន និង​វេទិកា​យុវជន​អាស៊ាន​ជាដើម។ កិច្ចការ​ទាំងអស់​នេះ យើង​ចាំបាច់​ត្រូវ​បន្ដ​ស្វែង​យល់​ឱ្យ​បាន​ស៊ីជម្រៅគ្រប់​ជ្រុងជ្រោយ និង​ត្រូវ​បន្ដ​ពង្រឹង និង​ពង្រីក​ដើម្បី​ឧត្ដម​ផលប្រយោជន៍​របស់​យុវជន​យើង និង​យុវជន​អាស៊ាន​ទាំងមូល។
ទី៥-ត្រូវយក​ចិ​ត្ដ​ទុកដាក់​រៀបចំ​ផែនការ​ សកម្មភាព​ឱ្យ​បាន​សមស្រប​តាម​ស្ថានភាព របស់ ប្រ​ទេស​ជាតិ​ផង តាម​សភាពការណ៍​របស់​យុវជន​គ្រប់​មុខ​សញ្ញា​ផង ពិសេស​រៀបចំ​គោលការណ៍ វាយតម្លៃ​តាម​លក្ខណៈវិនិច្ឆ័យ​ច្បាស់លាស់ និង​ធ្វើការ​បូកសរុប​វាយតម្លៃ​ការ​អនុវត្ដ​ចលនា​នេះ ឱ្យ​បាន​ជា​ប្រចាំ​នៅ​តាម​ថ្នាក់​រាជធានី-ខេត្ដ។ ធ្វើ​ដូច្នេះ មិន​ត្រឹមតែ​ចូលរួម​ពង្រីក​ការ​លើក​កម្ពស់ សមត្ថភាព​យុវជន​ឆ្នើម​ជូន​ប្រទេសជាតិ​បាន​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​រួមចំណែក​កាត់ បន្ថយ​រាល់​ភាព​អសកម្ម​ក្នុង​ជួរ​យុវជន​ទៀត​ផង។
ទី៦-សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ្រប់​ថ្នាក់​ត្រូវ​ចុះ​ជាប់​ជាមួយ​មហាជនយុវជន​ឱ្យ​បានជា ប្រចាំ ដើម្បី​ស្ដាប់​យុវជន​បញ្ចេញមតិ​ជាជាង​និយាយ​ច្រើន​ឱ្យ​យុវជន​ស្ដាប់ និងស្វែងយល់​ពី​ទុក្ខ លំបាក និង​តម្រូវ​ការចាំបាច់​នានា ក្នុង​ជីវភាព​រស់នៅ​របស់​ពួកគេ ដើម្បី​បាន​ជួយ​ដោះស្រាយ​កង្វល់ពួកគេ​ទៅតាម​លទ្ធភាពបាន​ទាន់​ពេល​វេលា ក៏ដូចជា​បាន​ចូល​រួម​ចំណែក​ផ្ដល់​នូវ​ធាតុ​ចូល​បន្ថែម ឬ​អនុសាសន៍​ផ្សេងៗ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការ​រៀបចំ​គោល​នយោបាយ​នានា ដែល​មាន​ការ​ពាក់ព័ន្ធនឹង​យុវជន។ ជា​រួម​យើង​មាន​មហាជន​នៅ​ជាមួយ​យើង គាំទ្រ​យើង! យើង​​នឹង​ពិតជា​ទទួល​បាន​ជ័យជំនះ​ជានិច្ច។ ទន្ទឹម​នេះ​ចាំបាច់​ណាស់​យើង​ត្រូវ​ជំរុញ​យុវជន​ឱ្យ​ស្រឡាញ់​ឧត្ដម​គតិ និង​ភាព​ត្រឹមត្រូវ ស្រឡាញ់​ចំណេះដឹង និង​ជំនាញ មាន​សុ​ច្ចរិត​ភាព និង សមត្ថភាព​អាច​គ្រប់គ្រង​ខ្លួនឯង និងខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ដើម្បី​បង្ហាញ​នូវ​ទេពកោសល្យ និង​តម្លៃ​របស់ខ្លួន​នៅ​ក្នុង​ឆាក​ជីវិត។ ក្នុង​នោះ ត្រូវ​ធ្វើ​ឱ្យ​យុវជន​ចេះ​ស្រឡាញ់​តម្លៃ​នៃ​ការ​អត់​ឱន ការ​គោរព និង​ការយល់​ចិត្ដ​គ្នា​ទៅវិញទៅមក ដែល​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​យុវជន​មាន​អាកប្ប​កិរិយា​គួរសម និងចេះ​ជួយ​គ្នា​ទៅវិញទៅមក។
ទី៧-ឆ្លៀតឱកាស​ដ៏​ល្អ​ប្រសើរ​នេះ សូម​យុវជន​កម្ពុជា​គ្រប់រូប​បង្កើន​ការ​គិតគូរ​ពី​អនាគត​ខ្លួន ដោយ​ប្រកាន់​ខ្ជាប់​ខ្ជួន​ថា សំណាង ឬ​វាសនា​ផ្ទាល់ខ្លួន​ពិតជា​ខ្លួន​យើង​ម្នាក់ៗ​នេះហើយ​ជា​អ្នក​តាក់​តែង​ឡើង​ ដោយ​ផ្ទាល់។ រាជរដ្ឋាភិបាល​បាន​បណ្ដុះ​នូវ​ថ្នាល​មួយ​សម្រាប់​យុវជន​យើង​ឱ្យ​ដុះ​លូត​ លាស់​ហើយ ដូច្នេះ​ក្មួយៗ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គុណធម៌ សីលធម៌​ល្អ និង​ផ្សារភ្ជាប់​ខ្លួន​ទៅ​នឹង​ការសិក្សា​ទាំង​វប្បធម៌​ទូទៅ ទាំង​បច្ចេកទេស និង​ជំនាញ​ជាក់លាក់ ដើម្បី​ធានា​បាន​នូវ​ជីវភាព​សមរម្យ ដោយ​ឈរ​លើ​ទស្សនៈ ពលរដ្ឋ​សម្បូណ៌​ជំនាញ​ប្រ​ទស​ជាតិ​មានការ​រីកចម្រើន ។ សូម​ក្មួយៗ​កុំ​ប្រើ​ប្រាស់​ពេលវេលា​ដ៏​មានតម្លៃ​របស់​ខ្លួន​ទៅ​សេព​ គ្រឿងញៀន គ្រឿង​ស្រវឹង ឬប្រ​ព្រឹ​ត្ដ​អំពើ​អបាយ​មុខ​ផ្សេងៗ ដែល​នាំ​ប៉ះពាល់​ដល់​សុខភាព និង​ទ្រព្យ​សម្បត្ដិ​ផ្ទាល់ខ្លួន គ្រួសារ និង​សង្គម​ទៀត​ផង។ ក្នុងនោះ​ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​ជាប្រចាំ​ក្នុង​ការ​ថែរក្សាការពារ​សុខ​ ភាព​ឱ្យ​បាន​ល្អ ដោយ​ត្រូវ​ហូបស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​ចៀសវាង​នូវ​ជំងឺ​ឆ្លង​ផ្សេងៗ។ ក្មួយ​ៗ​ត្រូវ​​ដឹង​ថា អនាគត​របស់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ដៃ​យុវជន ប្រទេសជាតិ​ត្រូវ​ការ​យុវជន​ដែល​មាន​ឆន្ទៈ សមត្ថ​ភាព បទ​ពិសោធ និង​ចរិយា​ធម៌​ដើម្បី​បន្ដ​ចីរភាព​នៃ​ការ​អភិវឌ្ឍ​មាតុភូមិ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថា ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យុវជន​កម្ពុជា នឹង​បន្ដ​បោះ​ជំហាន​ទៅមុខ​ប្រកប​ដោយ​សុទិដ្ឋិនិយម វឌ្ឍនភាព និង​វិបុលភាព​នៅ​លើ​មូលដ្ឋាន កាន់តែ​ធំ​ទូលំទូលាយ គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​កាន់តែ​អំណោយ​ផល សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ប្រភព​ អង្គភាព​ព័ត៌មាន និ​ងប្រតិកម្ម​រហ័ស http://www.pressocm.gov.kh 

 

No comments:

Post a Comment